អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។ RFA/Sorn Chanratha |
លោក ឈាង វុន ច្រានចោល សេចក្ដីសម្រេច របស់ សហភាព អន្តរសភា
RFA / វិទ្យុ អាស៊ី សេរី | ១៦ វិច្ឆិកា ២០១៦
តំណាងរាស្ត្រ គណបក្ស ប្រជាជន កម្ពុជា លោក ឈាង វុន បានហៅ សហភាព អន្តរសភា ថា ជាសភា ដែលធ្វើ កិច្ចការ គ្មាន យុត្តិធម៌ និងមិន សុក្រឹត នោះ, ហើយ ថា, លោក មានការ សោកស្ដាយ ចំពោះ ការលើកឡើង របស់ សហភាព អន្តរសភា ដែលចង់ ឲ្យមាន ការចរចា រវាង បក្សកាន់អំណាច និងបក្សប្រឆាំង នេះ។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះ ធ្វើឡើងមួយថ្ងៃក្រោយសហភាពអន្តរសភា បានផ្សាយសេចក្តីសម្រេចចិត្តមួយ ស្នើឲ្យគណបក្សជាប់ឆ្នោតទាំងពីរចរចាគ្នា និងឲ្យអាជ្ញាធរគោរពសិទ្ធិមនុស្ស។
លោក ឈាង វុន បន្តថា រដ្ឋសភារបស់កម្ពុជា សព្វថ្ងៃ កំពុងមានដំណើរធម្មតាជាប្រក្រតី គ្មានវិបត្តិនយោបាយ ហើយក៏មិនចាំបាច់ចរចាជាមួយគណបក្សប្រឆាំង ដើម្បីដោះស្រាយករណីរឿងអាស្រូវផ្ទាល់របស់ក្រុមមេបក្សប្រឆាំងនោះដែរ។ លោកបន្តថា អ្វីដែលសំខាន់ គឺគណបក្សប្រឆាំងត្រូវចូលធ្វើការក្នុងរដ្ឋសភាដូចធម្មតាវិញ ស្របតាមឆន្ទៈរបស់រាស្ត្រ៖ «សភាកើតហើយ រដ្ឋាភិបាលកើតហើយ តួនាទីបែងចែកឲ្យគេរួចអស់ហើយ ម្នាក់ត្រូវអនុវត្ត និងគោរពរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ច្បាប់ស្ដីពីលក្ខន្តិកៈអ្នកតំណាងរាស្ត្រ ហើយអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ទៅ គឺចប់ហើយ មានអ្វីទៀត។ ចង់ឲ្យគណបក្សប្រជាជនកម្ពុជា ទៅចរចាពីរឿងពាក់ព័ន្ធនឹងទណ្ឌិត ឬពាក់ព័ន្ធរឿងអាស្រូវបុគ្គលសាធារណៈនោះ គឺវាទៅមិនរួចទេ។»
ប៉ុន្តែមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានគាំទ្រទៅនឹងសេចក្តីសម្រេចរបស់សហភាពអន្តរសភា ទាមទារឲ្យគណបក្សទាំងពីរចូលរួមដោះស្រាយវិបត្តិដែលកំពុងកើតមាននៅកម្ពុជា។ លោកបន្តថា វិបត្តិនយោបាយត្រូវដោះស្រាយដោយនយោបាយ មិនមែនដោះស្រាយដោយប្រព័ន្ធតុលាការនោះទេ៖ «អ្នកណាគេចង់ថាអីថាទៅ តែឥឡូវនេះយើងកំពុងតែនិយាយអំពីសេចក្តីសម្រេចរបស់សហភាពអន្តរសភា ហើយសេចក្តីសម្រេចនេះចង់បញ្ជាក់ថា គេអត់ការអះអាងទាំងឡាយរបស់ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជា ទាល់តែសោះ។ គេថារឿងនេះជារឿងនយោបាយសុទ្ធសាធ ហើយរឿងនយោបាយត្រូវដោះស្រាយដោយនយោបាយ។ ហើយដើម្បីដោះស្រាយ គឺមានតែការជជែកគ្នា។ ប៉ុន្តែបើមានអ្នកខ្លះគេថាមិនចាំបាច់មានការចរចានយោបាយ ឬជជែកអំពីបញ្ហានយោបាយ បានន័យថាអ្នកនោះមិនត្រូវការដំណោះស្រាយនយោបាយទេ។ សេចក្តីសម្រេចរបស់សហភាពអន្តរសភា គឺជាការថ្កោលទោសដល់ប្រទេសកម្ពុជា ទៅហើយសម្រាប់ន័យការទូត។»
កាលពីថ្ងៃអង្គារ ទី១៥ វិច្ឆិកា សហភាពអន្តរសភា (IPU) ដែលមានមូលដ្ឋានក្នុងទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Swiss) ដែលមានសមាជិក ១៦០ប្រទេស ក៏បានស្នើឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងអ្នកតំណាងរាស្ត្រ និងមន្ត្រីសង្គមស៊ីវិលទាំងអស់៕
No comments:
Post a Comment