Paris Peace Accords 23 Oct. 1991

Thursday, November 17, 2016

មន្ត្រី​ បក្ស​ប្រឆាំង​ ថា, ​ពលរដ្ឋ​ ជិត​ ២​ម៉ឺន​ នាក់​ នៅ​ស្រុក​ ព្រែកប្រសព្វ ​មិន​ទាន់​ ចុះ​ឈ្មោះ​ បោះឆ្នោត | Opposition official says almost 20,000 citizens at Prek Prasap district have yet to register to vote

ពលរដ្ឋ​នៅ​ឃុំ​ដារ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided
ពលរដ្ឋ​នៅ​ឃុំ​ដារ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided

មន្ត្រី​ បក្ស​ប្រឆាំង​ ថា, ​ពលរដ្ឋ​ ជិត​ ២​ម៉ឺន​ នាក់​ នៅ​ស្រុក​ ព្រែកប្រសព្វ ​មិន​ទាន់​ ចុះ​ឈ្មោះ​ បោះឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ១៦ វិច្ឆិកា ២០១៦




អ្នក ធ្វើ​ការ​ ពាក់ព័ន្ធ​ ការ​ចុះ​ឈ្មោះ ​បោះឆ្នោត​នៅ​ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ពលរដ្ឋ​រស់នៅ​ស្រុក​នេះ​ជិត ២​ម៉ឺន​នាក់​នៅ​មិន​ទាន់​ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ ខណៈ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​គិត​ត្រឹម​ថ្ងៃ​ទី​១៥ វិច្ឆិកា នៅ​សល់ ១៥​ថ្ងៃ​ទៀត។

ពួក​គេ​ អំពាវនាវ​ ឲ្យ គ.ជ.ប.  អង្គការ​ សង្គម​ស៊ីវិល និង​តំណាង​ គណបក្ស​ នយោបាយ​នានា បន្ត​យុទ្ធនាការ​ ឃោសនា​ ពី​សារ ប្រយោជន៍​ ចុះ​ឈ្មោះ​ បោះឆ្នោត​ នៅ​ជនបទ ឬ​តំបន់​ ដាច់ស្រយាល​ ឲ្យ​ទូលំទូលាយ ខណៈ​ ការ​ផ្សព្វផ្សាយ ​របស់ គ.ជ.ប. កន្លង​ទៅ មិន​ទាន់ ​គ្រប់​ជ្រុងជ្រោយ។


អ្នក​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​ធំ​រស់នៅ​ជនបទ និង​តំបន់​ដាច់ស្រយាល ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត​ប្រសិន​បើ គ.ជ.ប និង​ស្ថាប័ន​ពាក់ព័ន្ធ មិន​អាច​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ទាន់​ពេល​ទេ។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ព្រែកប្រសព្វ មក​ពី​គណបក្ស សម រង្ស៊ី អ្នកស្រី ឡាច គឹមអ៊ី កត់​សម្គាល់​ថា មូលហេតុ​ចម្បង​ដែល​ពលរដ្ឋ​ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត​ដោយសារ​កត្តា​ជីវភាព ចំណេះ​ដឹង និង​ចំណាក​ស្រុក។ អ្នកស្រី​ថា ពលរដ្ឋ​រស់នៅ​ជនបទ​មួយ​ចំនួន​ធំ ត្រូវ​ជំពាក់​បំណុល​គេ​វ័ណ្ឌ​ក​ដោយ​មិន​ចាប់​អារម្មណ៍​ចុះ​ឈ្មោះ​បោះឆ្នោត បើ​ទោះ​បី​ជា​អាជ្ញាធរ​មូលដ្ឋាន​បាន​ជូន​ដំណឹង​ច្រើន​សា​ក្តី។

អ្នកស្រី​បន្ត​ថា ពលរដ្ឋ​រស់នៅ​ឃុំ​ជ្រោយបន្ទាយ ជាង ៣​ពាន់​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៧​ពាន់​នាក់ នៅ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ ដោយសារ​អ្នក​ភូមិ​មួយ​ចំនួន​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ និង​ខេត្ត​ផ្សេងៗ ខ្លះ​ទៀត​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស និង​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​ចុះ​ឈ្មោះ​បោះឆ្នោត។ អ្នកស្រី​បន្ថែម​ថា អាជ្ញាធរ​ភូមិ​ក៏​ធ្លាប់​ជូន​ដំណឹង​តាម​ផ្ទះ​ដែរ តែ​ការ​ជូន​ដំណឹង​នេះ​មិន​ទូលំទូលាយ ដោយសារ​ពលរដ្ឋ​ភាគច្រើន​រវល់​ការងារ​ស្រែ​ចម្ការ។ អ្នកស្រី​សង្កេត​ឃើញ​ថា ការ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​បោះឆ្នោត​កន្លង​ទៅ មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន ខ្វះ​ការ​សហការ​ជាមួយ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល និង​មិន​គ្រប់​ជ្រុងជ្រោយ៖ «ខ្ញុំ​ហើយ​អ្នក​ចុះ​ផ្ទាល់ គឺ​ចុះ​ទៅ​កៀង​ដូច​គោ​ចឹង គឺ​គាត់​មិន​សូវ​ចាប់​អារម្មណ៍​ទេ។ គាត់​ថា​ខ្ជិល​ណាស់ បោះ​ទៅ​ក៏​មិន​ដឹង​ម៉េច​ដែរ? ម្យ៉ាង​ទៀត​រាល់​ថ្ងៃ​នេះ គាត់​ខ្វាយខ្វល់​រឿង​ខ្វះខាត​ពាក់ព័ន្ធ​ជំពាក់​ធនាគារ ហើយ​គេ​បិទ​ឈើ​បិទ​អី​ហ្នឹង គាត់​រក​លុយ​រក​កាក់​អី​សង​ធនាគារ​អត់​បាន»
អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ លោក អឿ គឹមហ៊ាន សង្កេត​ឃើញ​ថា មាន​កត្តា​ច្រើន​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​អស់​សិទ្ធិ​បោះឆ្នោត ដូចជា​ពលរដ្ឋ​ចំណាក​ស្រុក ខ្វះ​ការ​ផ្សព្វផ្សាយ គ្មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ រើសអើង​និន្នាការ​នយោបាយ និង​ពលរដ្ឋ​មួយ​ចំនួន​ខ្ជិល​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​ថា ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​មាន​លក្ខណៈ​យឺត ក៏​ជំរុញ​ឲ្យ​ពលរដ្ឋ​ខកខាន​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ ដោយ​ពួក​គេ​យល់​ថា បើ​គ្មាន​អត្តសញ្ញាណប័ណ្ណ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន។

ចុះ​ឈ្មោះ​បោះឆ្នោត ក្រចេះ ២០១៦ ៨៥៥
ពលរដ្ឋ​នៅ​ឃុំ​ដារ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided Photo Provided


លោក​បញ្ជាក់​ថា បញ្ហា​ទាំងនេះ​ជា​ឧបសគ្គ​ចម្បង​បណ្ដាល​ឲ្យ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថយ​ចុះ​ខ្លាំង និង​មិន​គ្រប់​ចំនួន​កំណត់​ក្នុង​ទិន្នន័យ​របស់ គ.ជ.ប។ លោក​វាយ​តម្លៃ​ថា ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ ជាង ៦​ម៉ឺន​នាក់ នឹង​ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត៖ «អ្នក​ខ្លះ​បាន​យល់ អ្នក​ខ្លះ​ក៏​មិន​បាន​យល់​មួយ​ចំនួន​ធំ​ដែរ តែ​បញ្ហា​ទាំងអស់​ហ្នឹង វា​ធ្វើ​ឲ្យ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ចំនួន​តិច​មិន​ដូចជា​ការ​សង្ឃឹម​ទុក ដែល​មាន​តួលេខ​ក្នុង គ.ជ.ប ដែល​ជាង ២០​ម៉ឺន​នាក់ ហើយ​យើង​ចុះ​បាន​ត្រឹម ១៥​ម៉ឺន​នាក់ ហើយ​ពលរដ្ឋ​ខ្លះ​ក៏​មិន​សូវ​ឲ្យ​តម្លៃ​លើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ។ យើង​មិន​ដឹង​ថា តើ​ពី​មូលហេតុ​មក​ពី​ឆន្ទៈ​របស់​គាត់ ឬ​ក៏​មូលហេតុ​របស់​អាជ្ញាធរ​មិន​បាន​ផ្តល់​ព័ត៌មាន​ជាក់លាក់»

លោក អឿ គឹមហ៊ាន បន្ថែម​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ក្រចេះ គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​រយៈ​ឧបករណ៍​បំពង​សំឡេង​នៅ​តំបន់​មួយ​ចំនួន ដោយ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​ប្រញាប់​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​ទាន់​ពេលវេលា។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​ភូមិ-ឃុំ​មួយ​ចំនួន ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចូលរួម​សហការ​ផ្សព្វផ្សាយ​នៅ​តាម​ផ្ទះ​នោះ​ទេ ហើយ​ការ​ផ្សព្វផ្សាយ​តំបន់​ខ្លះ​រើសអើង​និន្នាការ​នយោបាយ។

តួលេខ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ស្រុក​ព្រែកប្រសព្វ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃ​ទី​១៥ វិច្ឆិកា បាន​ជាង ២​ម៉ឺន ៥​ពាន់​នាក់ (២៥.០៣៨​នាក់) ស្មើ​នឹង ៥៧% ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤​ម៉ឺន​នាក់ (៤៤.៤៤៦​នាក់) ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត។ នៅ​ក្រុង​ក្រចេះ ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ជាង ១​ម៉ឺន ៤​ពាន់​នាក់ (១៤.៥៦៨​នាក់) ក្នុង​ចំណោម​ពលរដ្ឋ​ជាង ២​ម៉ឺន​នាក់ (២១.៨២០​នាក់) ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត។

លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ក្រចេះ លោក អ៊ុង ស៊ីយឿន ក៏​បារម្ភ​ពី​ការ​អស់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ដែរ ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន​រវល់​ធ្វើ​ស្រែ​ចម្ការ និង​ចំណាក​ស្រុក។ តែ​យ៉ាង​ណា គ.ជ.ប បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ផ្សព្វផ្សាយ​ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ឧបករណ៍​បំពង​សំឡេង​គ្រប់​តំបន់។ លោក​ពន្យល់​ថា ប្រសិន​បើ​ពលរដ្ឋ​អត់​មាន​អត្តសញ្ញាណប័ណ្ណ ក៏​អាច​មក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដែរ ដោយ​គ្រាន់​តែ​ពលរដ្ឋ​មក​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពី​អាជ្ញាធរ​ឃុំ៖ «យើង​ខិតខំ​ណាស់ គឺ​ខិតខំ​អំពាវនាវ​គ្រប់​មធ្យោបាយ ជាពិសេស​សុំ​ឲ្យ​ខាង​អាជ្ញាធរ ជាពិសេស​គឺ​ខាង​ខ្ញុំ​រៀបចំ​ប្រជុំ​ចម្រុះ​ដែល​មាន​តំណាង​អាជ្ញាធរ​ខេត្ត។ គណបក្ស​នយោបាយ​អី ជាពិសេស​គឺ​ជម្រាប​ជូន​ពលរដ្ឋ​ដែល​លោក​ពុំ​សូវ គឺ​ភាគតិច​ទេ​ដែល​លោក​ពុំ​សូវ​ចាប់​អារម្មណ៍​លើ​ការ​ចុះ​ឈ្មោះ​ហ្នឹង។ សូម​ឲ្យ​គាត់​ជួយ​ជំរុញ»

មន្ត្រី​កម្មវិធី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស កត់​សម្គាល់​ថា មិន​ត្រឹម​តែ​នៅ​ខេត្ត​ក្រចេះ ទេ​ដែល​ពលរដ្ឋ​ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត គឺ​នៅ​ទូទាំង​ប្រទេស។ លោក​ផ្តល់​ទស្សនៈ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គ.ជ.ប និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បង្កើន​អប់រំ​ផ្សព្វផ្សាយ​តាម​រយៈ​ឧបករណ៍​បំពង​សំឡេង​នៅ​ជនបទ ឬ​តំបន់​ដាច់ស្រយាល ហើយ​ការ​ផ្សព្វផ្សាយ​ទៀតសោត គួរ​តែ​ពន្យល់​ពី​សារសំខាន់ និង​នីតិវិធី​នានា​ទាក់ទិន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ លើស​ពី​នេះ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បង្កើន​ការ​សម្របសម្រួល​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជូន​ពលរដ្ឋ ហើយ គ.ជ.ប ត្រូវ​តែ​រក​មធ្យោបាយ​ផ្តល់​លទ្ធភាព​ឲ្យ​ពលរដ្ឋ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស អាច​មាន​ឱកាស​ចុះ​ឈ្មោះ​បោះឆ្នោត​ទាន់​ពេល៖ «មុន​ឋិត​ក្នុង​មូលដ្ឋាន​ក្នុង​ស្រុក​វិញ ទោះ​បី​យ៉ាង​ណា​ក៏ដោយ ល្បឿន​គឺ​អស់​ហើយ មិន​អាច​ឲ្យ​មាន​ច្រើន​លើស​ហ្នឹង​បាន​ទេ។ ឃើញ​ថា​មាន​ការ​បារម្ភ​ខ្លាំង​ព្រោះ​ថា យើង​ត្រូវ​តែ​គិតគូរ​ពី​បញ្ហា​បង​ប្អូន​មាន​ការ​ចំណាក​ស្រុក។ បើ​មិន​ដូច្នេះ​ទេ តាម​តួលេខ​ដែល​ខ្ញុំ​មើល​រាល់​ថ្ងៃ វា​មិន​អាច​លើស​ពី ៧៥% ទៅ ៨០% ទេ។ យើង​បង្កើន​ការ​អប់រំ​បន្ត​ទៀត យើង​ផ្សព្វផ្សាយ​ពី​សារសំខាន់​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង»

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ មាន​រយៈពេល ៣​ខែ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ តួលេខ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃ​ទី​១៥ វិច្ឆិកា បាន​ជាង ១៥​ម៉ឺន ៣​ពាន់​នាក់ (១៥៣.២៤៣​នាក់) ស្មើ​នឹង ៦៥% ក្នុង​ចំណោម​ពលរដ្ឋ​ជាង ២២​ម៉ឺន​នាក់ (២២៤.៥៤៨​នាក់) ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត៕




No comments:

Post a Comment