![]() |
| ប៉ូលិសស្រុកអូរយ៉ាដាវ ចុះរឹបអូសឈើដែលកាប់ពីព្រៃការពារសហគមន៍ភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Ratha Visal |
ជនជាតិដើម ភាគតិច ខេត្ត រតនគិរី អំពាវនាវ ឲ្យសមត្ថកិច្ច ជួយបង្ក្រាប បទល្មើស ព្រៃឈើ
RFA / វិទ្យុ អាស៊ី សេរី | ២០ វិច្ឆិកា ២០១៦
សហគមន៍ ជនជាតិដើម ភាគតិច គ្រឹង ភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី អះអាង ថា, ព្រៃឈើ ក្នុងតំបន់ ព្រៃសហគមន៍ និងតំបន់ គម្របព្រៃឈើ អភិរក្ស ដោយខណ្ឌរដ្ឋបាល ព្រៃឈើ ត្រូវ បានប្រជាពលរដ្ឋ ជនជាតិ ចាម កាប់រានយកដី និងកាប់យកឈើមានតម្លៃ លក់ទៅ ទីផ្សារ។
តំណាងសហគមន៍ការពារព្រៃឈើឃុំតឺន អំពាវនាវ នៅថ្ងៃ ទី១៩ ខែវិច្ឆិកា សូម ឲ្យក្រុមសមត្ថកិច្ចពាក់ព័ន្ធ ប្រញាប់ចុះបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងកើតមានកាន់តែច្រើននៅក្នុងព្រៃអភិរក្ស។
សេចក្តីរាយការណ៍របស់សហគមន៍ភូមិតឺន ចាប់ពីដើមឆ្នាំ២០១៦ រហូតមក ជនជាតិចាម ដែលចូលមករស់នៅក្នុងភូមិ គឺជាអ្នកចូលព្រៃកាប់រានព្រៃធ្វើចម្ការ និងកាប់ឈើមានតម្លៃបែបអនាធិបតេយ្យ។
ប្រធានសហគមន៍ភូមិតឺន លោក ប៊ុន ស្រួច បញ្ជាក់ថា ព្រៃសហគមន៍ និងគម្របព្រៃស្រោងនៅចំណុចភ្នំកាចាង ត្រូវជនជាតិចាម ចូលកាប់រានជាថ្មី មិនថាពេលយប់ ឬថ្ងៃនោះទេ។ លោកថា ជនជាតិចាមខ្លះកាប់រានព្រៃយកដីធ្វើចម្ការ ខ្លះទៀតកាប់យកឈើប្រណិត និងឈើប្រភេទលេខ១ ដឹកជញ្ជូនដោយម៉ូតូច្រើនជើងក្នុងមួយថ្ងៃៗ នាំចេញទៅលក់ឲ្យឈ្មួញក្នុងក្រុងបានលុង។ លោក ថា, ជនជាតិ ចាម ទាំងនោះ មិនបានគោរពតាមបទបញ្ជា និងលក្ខន្តិកៈសហគមន៍ដែលអភិរក្សព្រៃឈើនោះទេ៖ «ជួយចុះផ្ទាល់មើលស្រាវជ្រាវជាក់ស្តែងមើល បើយើងថារៀបរាប់មិនអស់ទេរាល់យប់រាល់ថ្ងៃ ឈើខ្ទេចខ្ទីអស់ហើយ កាប់ក្នុងព្រៃ។»
ព្រៃសហគមន៍ឃុំតឺន មានទំហំជាង ៤ពាន់ហិកតារ មានទីតាំងនៅជាប់នឹងគម្របព្រៃស្រោងគ្រប់គ្រង ដោយខណ្ឌរដ្ឋបាល ព្រៃឈើ។ កាលពីឆ្នាំ២០១២ សហគមន៍ បានរកឃើញ ជនជាតិ ចាម ដូចគ្នា ជួលកម្មករកាប់ឆ្ការព្រៃ និងកាប់យកឈើមានតម្លៃពីក្នុងព្រៃ ទើបសហគមន៍សុំកម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាបបាន ស្ងប់ស្ងាត់ មួយរយៈ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី បញ្ជាក់ថា សហគមន៍បានផ្តល់ព័ត៌មាន និងសុំឲ្យសមាគមជួយអន្តរាគមន៍ទៅមន្ត្រីជំនាញ ជួយបង្ក្រាបករណីនេះ។ លោកថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការចុះពិនិត្យសេចក្តីរាយការណ៍របស់សហគមន៍ ដើម្បីចាត់វិធានការបង្ក្រាប ប្រសិនបើមានបទល្មើសព្រៃឈើនោះមែន៖ «គាត់ ពុំមាន លទ្ធភាព ទប់ស្កាត់ទេ ដោយសារ មានកម្លាំង ពីខាងក្រៅ មានឈ្មួញ ជាបង្អែក ក្រោយខ្នង, ហើយ សមត្ថកិច្ច នៅទីនោះ មិនបាន ទប់ស្កាត់ បានល្អ, ហើយ សហគមន៍ គាត់ អស់សង្ឃឹម។»
ឆ្លើយតបសេចក្តីរាយការណ៍នេះ មេឃុំតឺន លោក តឺន ឡាំឃុន បដិសេធថាមិនមានបទល្មើសព្រៃឈើថ្មីកើតមានដូចសេចក្តីរាយការណ៍នោះទេ។ លោកទទួលស្គាល់ថា ជនជាតិចាម មួយចំនួនតូចបានចូលព្រៃប្រមូលឈើចាស់ៗបន្សល់ចោលក្នុងព្រៃធ្វើជារបរចិញ្ចឹមជីវិត៖ «ម្នាក់ពីរនាក់ខ្ញុំឃើញមែន។ យើងមិនអាចថាគាត់កាប់ឈើថ្មីក្នុងព្រៃ គេដើររើសអ៊ីចឹង។ ធ្វើម៉េចខ្ញុំឃាត់ដែរ គេនៅតែចចេស។»
អាស៊ីសេរី មិនអាច ទាក់ទង នាយខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តរតនគិរី សូម បញ្ជាក់ ករណីនេះ បានទេ នៅថ្ងៃ ទី១៩ ខែវិច្ឆិកា។
ចំណែកប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា បញ្ជាក់ដែរថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ៖ «សួរ ឲ្យច្បាស់មើល! យ៉ាងម៉េច យើង ត្រូវតែ ទប់ស្កាត់ដែរ ឲ្យតែ មាន រឿងកាប់។»
ចាប់ពីដើមឆ្នាំ២០១៦ រហូតមក បទល្មើសព្រៃឈើដែលធ្លាប់មានតាមបណ្ដាក្រុមហ៊ុនសម្បទាននៅខេត្តរតនគិរី បានស្ងប់ស្ងាត់ ក៏ប៉ុន្តែសហគមន៍អភិរក្សព្រៃឈើមួយចំនួន បានរកឃើញបទល្មើសព្រៃឈើថ្មីកើនឡើងក្នុងព្រៃសហគមន៍ការពារ។ ជនប្រព្រឹត្តិល្មើស មួយចំនួន ជាសមាជិក ក្នុងសហគមន៍ និងប្រជាពលរដ្ឋ ក្រៅសហគមន៍ បានលួច កាប់ឈើលក់ ទៅឲ្យឈ្មួញ នាំចេញ ទៅទីផ្សារ៕

No comments:
Post a Comment