Paris Peace Accords 23 Oct. 1991

Tuesday, January 31, 2017

លោក​ ហ៊ុន សែន ​នឹង​រឹប​អូស ​ទ្រព្យ​សម្បត្តិ​ របស់​លោក​ សម រង្ស៊ី​ យក​ទៅ​លក់​ ឡៃឡុង | Hun Sen to seize and auction Sam Rainsy's property

លោក សម រង្ស៊ី«ហ៊ុន សែន មិន​អាច​ ទាក់ទាញ​ អ្នក​បោះ​ឆ្នោត​ បាន​ តទៅ​ទៀត​ ទេ, ដូច្នេះ​ លោក​ ក៏​តាម ​រក​រឿង​ខ្ញុំ​ ដោយ​ផ្ទាល់ ដោយសារ​ខ្ញុំ​ ជា​និមិត្តរូប​ នៃ​ការ​ប្រឆាំង​ ទៅ​នឹង​អំណាច​ ផ្តាច់ការ និង​ពុករលួយ។»
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

លោក​ ហ៊ុន សែន ​នឹង​រឹប​អូស ​ទ្រព្យ​សម្បត្តិ​ របស់​លោក​ សម រង្ស៊ី​ យក​ទៅ​លក់​ ឡៃឡុង

VOA |

លោក​ នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ ថ្ងៃ​អង្គារ​ នេះ បាន​ប្រកាស​ ថា, លោក​ នឹង​រឹបអូស​ ស្នាក់ការ​កណ្តាល​ គណបក្ស​ សង្គ្រោះ​ជាតិ និង​​ទ្រព្យ​សម្បត្តិ​ ផ្សេង​ទៀត ​របស់​​លោក សម រង្ស៊ី ប្រធាន​ គណបក្ស ​ប្រឆាំង​ បន្ទាប់​ ពី​លោក​​ បាន​ប្តឹង​លោក សម រង្ស៊ី ដោយ​ទាមទារ​ សំណង​ ជំងឺ​ចិត្ត​ ១លាន​ ដុល្លារ​ ពី​បទ​ បរិហារ​កេរ្តិ៍​​ ជា​សាធារណៈ។

ការ​ប្រកាស​នេះ​ ធ្វើ​ឡើង ​ក្នុង​កិច្ច​ប្រជុំ​ វិសាមញ្ញ នៅ​រដ្ឋសភា​ ដើម្បី​ សម្រេច លុប​ចោល​ ប្រការ ៤៨(៣) ថ្មី នៃ​បទបញ្ជា​ ផ្ទៃ​ក្នុង​ រដ្ឋសភា​ ដែល​ឈប់​ ឲ្យ​មាន ​ក្រុម​តំណាងរាស្រ្ត​ មតិ​ ភាគ​តិច ​និង​មតិ​ ភាគ​ច្រើន។  ក្រុម​ទាំង​ពីរ​នេះ ​ត្រូវ​ បាន​គណបក្ស​ ប្រជា​ជន​ កម្ពុជា និង​គណបក្ស​ សង្គ្រោះជាតិ​ បង្កើត​ឡើង ​កាល​ពី​ឆ្នាំ​ ២០១៤ ដើម្បី​ ដោះ​ស្រាយ បញ្ហា នយោបាយ​ ក្នុងពេល កន្លងមក។​


កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក ហ៊ុន សែន ​ ​បានប្តឹង​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ បន្ទាប់​ពី​លោក​ សម រង្ស៊ី ​ថ្លែង​តាម​បណ្តាញ​អ៊ីនធឺណិត​ទៅ​កាន់​សកម្មជន​របស់​លោក​ ដោយ​និយាយ​ថា​ លោក​ ហ៊ុន សែន ​បាន​ផ្តល់​លុយ​ចំនួន​១​លាន​ដុល្លារ​ ដល់​កញ្ញា ​ធី សុវណ្ណថា ដើម្បី​បំបែក​គណបក្ស​សង្គ្រោះជាតិ។​

ថ្លែង​ទៅ​កាន់​តំណាងរាស្រ្ត​ដែល​សុទ្ធ​តែ​មក​ពី​គណបក្ស​កាន់​អំណាច​ចំនួន​៦៦​រូប​ ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នាព្រឹក​នេះ​ លោក ហ៊ុន សែន បាន​ព្រមាន​គណបក្ស​ប្រឆាំងថា ​នៅ​ពេល​លោក​ឈ្នះ​បណ្ដឹង​បរិហារកេរ្ដិ៍ដែល​លោក​បាន​ប្តឹងលោក សម រង្សី​ ទាមទារ​សំណង​ចំនួន​១លាន​ដុល្លារ​នោះ​ លោក​នឹង​រឹប​អូស​ ហើយ​លក់​ទ្រព្យ​សម្បត្តិមួយ​ចំនួន​របស់​លោក​ សម​ រង្ស៊ី រួម​ទាំង​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ជា​មេរៀនដល់​លោក សម រង្ស៊ី។ ​

លោក​ នាយករដ្ឋមន្ត្រី​ បញ្ជាក់ ​ថា៖

«ខ្ញុំ​រង់​ចាំ​តែ​សាលក្រម​ចូល​ជា​ស្ថាពរ​ទេ លើក​នេះ​ខ្ញុំ​យក​ហើយ​លុយ។ អត់​មាន​យក​តែ​មួយ​រៀល​ដូច ថាក់ ឡានី ទេ។ ខ្ញុំ​ទារ​មួយ​លាន​ដុល្លារ។ តែ​សាលក្រម​មុន​គេ គឺ​សាលក្រម​បង ហេង សំរិន បើ​កាលណា​សាលក្រម​នេះ​ចូល​ហើយ នឹង​បង្កក​ទ្រព្យសម្បត្តិ សុំ​ដីកា​ការពារ​ទ្រព្យ​សម្បត្តិ លក់​ទ្រព្យ​សម្បត្តិ​ពួក​ហ្នឹង​ចោល​ឲ្យ​អស់​ហ្មង ដើម្បី​ឲ្យ​រៀង។ ឮ​ថា​ស្នាក់ការ​គណបក្ស​ដាក់​ឈ្មោះ សម រង្ស៊ី អញ្ចឹង​ទេ​លក់​ស្នាក់ការ​គណបក្ស​ហ្នឹងលក់​ឡៃឡុង»

លោក​ ហ៊ុន សែន បាន​ជំរុញលោក ហេង សំរិន និង​លោក ហោ ណាំហុង ដែល​បាន​ប្តឹង​ លោក សម រង្ស៊ី កន្លង​មក​ឲ្យ​ទាមទារ​លោក សម រង្ស៊ី ​សង​ជំងឺ​ចិត្ត​រាប់​ម៉ឺន​ដុល្លារ​ថែម​ទៀត។ ហើយ​លោក​បាន​បញ្ជា​មិន​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្ទេរ​ទ្រព្យ​សម្បត្តិដែល​ជា​កម្មសិទ្ធិ​របស់ លោក សម រង្ស៊ី ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀតមុន​នឹង​សាលក្រម​ចូល​ជា​ស្ថាពរ។​

លោក ហ៊ុន សែន​ ប្រកាស​បែប​នេះ​ខណៈដែល​តុលាការ​មិន​ទាន់​បើក​សវនាការ​ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​ទាមទារ​ទឹក​ប្រាក់​១លាន​ដុល្លារ​ពី​លោក សម រង្ស៊ី នៅ​ឡើយ។ ក្រុមអ្នក​ច្បាប់​លើក​ឡើង​ថា លោក ហ៊ុន សែន មិន​អាច​ប្តឹង​លោក សម រង្ស៊ី​ បាន​ទេ ប្រសិន​បើ​ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី​ ពាក់ព័ន្ធ​នឹង​សារ​នៅ​តាម​បណ្តាញ​សង្គម​ដែល​ចោទ​ថា​ លោក​ ហ៊ុន សែន​ ឲ្យ​លុយ​១លាន​ដុល្លារ​ទៅ​កញ្ញា​ ធី សុវណ្ណថា​ គឺ​ជា​ការ​ពិត។​

ថ្លែង​ក្នុង​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​លើក​ឡើងថា លោក ហ៊ុន សែន តែង​ ប្រើប្រាស់​តុលាការ​ដើម្បី​គំរាមកំហែង​គណបក្ស​ប្រឆាំង ហើយ​ថា ​ទង្វើ​របស់​លោក ហ៊ុន សែន នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋគាំទ្រគណបក្ស​ប្រឆាំង​កាន់​តែ​ច្រើន។​

អ្នក​តំណាងរាស្ត្រ​ ប្រឆាំង​ រូប​នេះ ​ប្រសាសន៍ ​ថា៖

«ជា​ការ​ពិសោធន៍​ ច្រើន​ដង​ ក៏​យើង​ ធ្លាប់​ដឹង​ ផង​ដែរ​ ថា, កាលណា​សម្តេច​នាយករដ្ឋមន្ត្រី​លោក​មាន​បំណង​យ៉ាង​ម៉េច តុលាការ​ធ្វើ​ការងារ​មិន​សូវ​ខុសគ្នា​ពី​បំណង​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ទេ។ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ដូច​ដែល​បាន​បញ្ជាក់​ដែរ ​ក្នុង​ការងារ​នយោបាយ មិនមែន​ឧបករណ៍​ទេ​គឺ​ប្រជារាស្ត្រ ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​យល់​ឃើញ។ អ្វី​ដែល​ជា​ការ​បារម្ភ​គឺ​ការ​ធ្វើ​បែប​នេះ​វា​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​គាត់​មិន​សប្បាយ​ចិត្ត ហើយ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​ច្រើន។ ខ្ញុំ​គិត​អញ្ចឹង​ទៅ​វិញ​ទេ»

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​បានបង្ហោះ​សារនៅ​លើ​បណ្តាញ​សង្គម Twitter ជា​ភាសា​អង់គ្លេស​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ការ​ព្រមានរបស់​លោកនាយករដ្ឋមន្ត្រី បង្ហាញ​ ថា, លោក ហ៊ុន សែន​ កំពុង​ភ័យ​ស្លន់ស្លោរដោយសារ​លោក​ដឹង​ថា​ នឹង​ត្រូវ​ បរាជ័យ​ ក្នុង​ការ​ បោះឆ្នោត​ ឆ្នាំ​២០១៧ ​និង​២០១៨។​ 

លោក សម រង្ស៊ី បានសរសេរ​ ក្នុង​ន័យ​ដើម ​ថា៖

«ហ៊ុន សែន មិន​អាច​ ទាក់ទាញ​ អ្នក​បោះ​ឆ្នោត​ បាន​ តទៅ​ទៀត​ ទេ, ដូច្នេះ​ លោក​ ក៏​តាម ​រក​រឿង​ខ្ញុំ​ ដោយ​ផ្ទាល់ ដោយសារ​ខ្ញុំ​ ជា​និមិត្តរូប​ នៃ​ការ​ប្រឆាំង​ ទៅ​នឹង​អំណាច​ ផ្តាច់ការ និង​ពុករលួយ»

Hun Sen can no longer appeal to electorate, so personally hounds me, as symbol of resistance to autocratic, corrupt power. 2/2

លោក មាស នី អ្នកវិភាគ​ការ​អភិ​វឌ្ឍ​សង្គម​យល់​ថា ការ​ប្រកាស​ពី​ជ័យជម្នះ​ជា​មុន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន លើ​បណ្តឹងទាមទារ​សំណង​១លាន​ដុល្លារ​ពី​លោក សម រង្ស៊ី ​បង្ហាញ​ថា លោក ហ៊ុន សែន បាន​ដឹង​ជា​មុន​ពី​ចំណាត់ការ​របស់​តុលាការ ដោយ​សារ​តុលាការ​ស្ថិត​ក្រោម​បញ្ជា​របស់​លោក។

លោក​ មាន​ប្រសាសន៍ ប្រាប់ VOA ថា៖

«សម្តេច​នាយក​ គាត់​ ដឹង​ថា, ​គាត់​ ប្រាកដ​ ជា​ឈ្នះ​ ទៅ​ហើយ ព្រោះ​ អី​ តុលាការ​ហ្នឹង ​ធ្វើតាម​ តែអ្វី​ ដែល​គាត់​ បាន​គិត។  យើង​ ធ្លាប់​ឃើញ​ មុនៗ​ ​តុលាការ ​តែ​ កាល​ណា​ សម្តេច​នាយក​ គាត់​ ថា​ អី​ តុលាការ​ ត្រូវ​ ធ្វើ​តាម​គាត់។  នៅ​ក្នុង​ ករណី​ បែប​នេះ គាត់ បាន​ដឹង ​ទៅ​ហើយ, ហើយ​ តុលាការ​ ក៏​មិន​ហ៊ាន​ ឲ្យ​គាត់​ ចាញ់​ដែរ។   អញ្ចឹង ​រឿង​នេះ​ បើ​សិន​ជា​ ភ្នាល់​ទេ​ គេ​ បាន​ដាក់ ​ខាង​ឈ្នះ​ រួច​ទៅ​ហើយ»

ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​របស់​លោក ហ៊ុន​ សែន ប្រឆាំង​លោក សម រង្ស៊ី ដោយទាមទារ​សំណង​១លាន​ដុល្លារ​នេះ លោក សៀង សុខ ព្រះ​រាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃទី១៤ ខែ​កុម្ភៈ ខាង​មុខ។

កន្លង​មក លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ប្តឹងមេបក្ស​ និង​ក្រុម​មន្រ្តីគណបក្ស​ប្រឆាំងជា​ច្រើន​នាក់​ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍ ដូច​ជា​ ​លោកស្រី មូរ សុខហួរ តំណាងរាស្រ្ត​មណ្ឌល​បាត់ដំបង លោកស្រី​ ថាក់ ឡានី ​សមាជិក​ព្រឹទ្ធសភា និង​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ប្រឆាំង​ជាច្រើន​ករណី​ទៀត៕

No comments:

Post a Comment