លោក ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងពិធីបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Morm Moniroth |
លោក ស ខេង ប្ដេជ្ញាចិត្ត ធានា ឲ្យការ បោះឆ្នោត មានភាព ត្រឹមត្រូវ និងប្រក្រតី
RFA / វិទ្យុ អាស៊ី សេរី | ២២ កុម្ភៈ ២០១៧
រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ប្ដេជ្ញាចិត្ត រក្សា ភាពស្ងប់ស្ងាត់ និងបរិយាកាសល្អ ក្នុងពេល បោះឆ្នោត ជ្រើសរើស សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តទី៤ និងបោះឆ្នោត ជាតិ ដែលនឹងចាប់ផ្ដើម ក្នុងពេល ខាងមុខនេះ។
ថ្លែងបើកពិធីសន្និបាតសរុបលទ្ធផលការងារ និងលើកទិសដៅឆ្នាំ២០១៧ នៅក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ លោក ស ខេង បញ្ជាក់ថា កម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាឲ្យបានបរិយាកាសល្អ និងភាពសុខសាន្តដើម្បីបម្រើឲ្យការបោះឆ្នោតប្រព្រឹត្តទៅបានជោគជ័យ។
លោក បន្តថា៖ «ព្រមជាមួយនេះ នៅក្នុងឆ្នាំ២០១៧នេះ ប្រទេសយើងនឹងរៀបចំឆ្នោតជ្រើសរើសឃុំសង្កាត់អាណត្តិទី៤ ដែលនឹងបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យមានការរីកចម្រើនបន្តទៀត។ អាស្រ័យហេតុនេះយើងត្រូវរួមគ្នាគាំទ្រកិច្ចការនានា ស្របតាមច្បាប់តម្រូវ ដើម្បីធានាឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តទៅក្នុងលក្ខណៈសេរី យុត្តិធម៌ និងមានសុវត្ថិភាព។»
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវរៀបចំនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ឃុំ-សង្កាត់មួយអាចមានក្រុមប្រឹក្សាដែលដឹកនាំដោយមេឃុំ-សង្កាត់មួយរូប និងសមាជិកចន្លោះពី ៥ និង ១១រូប។ ៦ខែក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដំណើរការបោះឆ្នោតព្រឹទ្ធសភាអាចនឹងរៀបចំនៅអំឡុងដើមឆ្នាំ២០១៨។ ៦ខែ បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភា នឹងចាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦៕
No comments:
Post a Comment