![]() |
| ទិដ្ឋភាពជនជាតិវៀតណាម រស់នៅលើផ្ទៃទឹកក្នុងក្រុងស្ទឹងត្រែង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។ |
ពលរដ្ឋ ខែត្រ ស្ទឹងត្រែង ចង់ឲ្យ អាជ្ញាធរ ជម្លៀស ជនជាតិ វៀតណាម ចេញពីផ្ទៃទឹក ឲ្យបានឆាប់
RFA / វិទ្យុ អាស៊ី សេរី | ៧ មីនា ២០១៧
rអាជ្ញាធរ ខែត្រ ស្ទឹងត្រែង សម្រេច ពន្យារពេល ជម្លៀស ពលរដ្ឋ វៀតណាម ចេញ ពីមាត់ទន្លេ និងនៅលើទឹក ក្នុងក្រុង ស្ទឹងត្រែង។ អភិបាល ក្រុង ស្ទឹងត្រែង លោក ប៊ុន ណារី ថ្លែងបញ្ជាក់ ថា, ការសម្រេច ពន្យារពេលនេះ ដោយសារ អាជ្ញាធរ ខែត្រ ពុំទាន់ រៀបចំ ដីសម្បទាន សង្គមកិច្ច និងកំពុង ទទួលយក សំណូមពរ របស់ ពលរដ្ឋ មកជជែក ពិភាក្សា រកដំណោះស្រាយ។ បញ្ហានេះ ពលរដ្ឋ រស់នៅ ក្រុងស្ទឹងត្រែង ជាពិសេស ពលរដ្ឋ រស់នៅ ខ្សែទឹក ខាងក្រោម កំពុង ខ្វល់ខ្វាយ ពីការបំពុល បរិស្ថាន ដោយជនជាតិ វៀតណាម ច្រើន បន្ទោបង់ និងចោល កាកសំណល់ រឹងរាវ ចូលទន្លេ បង្កផល ប៉ះពាល់ គុណភាព ទឹកទន្លេ និងសុខ ភាពសាធារណៈ។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលនៅថ្ងៃទី៦ មីនា អំពាវនាវជាថ្មីទៀតស្នើឲ្យអភិបាលខែត្រស្ទឹងត្រែង លោក ម៉ុម សារឿន និងស្ថាប័នពាក់ព័ន្ធ ជម្លៀសជនជាតិវៀតណាម ចេញពីមាត់ទន្លេឲ្យបានឆាប់ ដើម្បីធានាសុវត្ថិភាពបរិស្ថានទន្លេ ខណៈអង្គភាពរដ្ឋាករទឹកបានបូមទឹកទន្លេមកផ្គត់ផ្គង់ពលរដ្ឋក្រុងស្ទឹងត្រែង។ លើសពីនេះ ជនជាតិវៀតណាម ទាំងនេះបានយកច្រាំងទន្លេជាទីតាំងធ្វើអាជីវកម្មឈើប្រណិតខុសច្បាប់ច្រើនឆ្នាំកន្លងមក និងបានចោលកាកសំណល់ពីអាជីវកម្មទាំងនោះចូលទឹកទន្លេ។
ពលរដ្ឋរស់នៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង លោក សៀន ហុន ចាត់ទុកទឹកទន្លេជាសរសៃឈាមសេដ្ឋកិច្ចអ្នកភូមិតាំងពីដើមមក ដែលពួកគាត់អាស្រ័យផលប្រចាំថ្ងៃ ដូចជាដាំស្ល បរិភោគ បោកគក់ និងស្រោចដំណាំ។ លោកថា ជនជាតិវៀតណាម រស់នៅតាមមាត់ទន្លេ ច្រើនធ្វើបង្គន់នៅលើផ្ទៃទឹកទន្លេ និងចោលកាកសំណល់គ្រប់ប្រភេទចូលទន្លេ ដូចជាថង់ប្លាស្ទិកបណ្ដែតមកខ្សែទឹកខាងក្រោម អាចប៉ះពាល់ដល់សុខភាពពលរដ្ឋប្រើប្រាស់ទឹកទន្លេ ហើយច្រាំងទន្លេមានជនជាតិវៀតណាម ធ្វើអាជីវកម្មឈើប្រណិត ក៏ជាទីតាំងសម្បូរកាកសំណល់សំរាមគ្រប់ប្រភេទដែរ។ លោកបារម្ភថា ប្រសិនបើអាជ្ញាធររដ្ឋាភិបាលនៅតែអូសបន្លាយពេលមិនជម្លៀសពលរដ្ឋវៀតណាម នោះ ផលប៉ះពាល់នឹងកាន់តែច្រើនទាំងបរិស្ថាន សង្គម និងសុខភាពប្រជាពលរដ្ឋ៖ «ក្លិនស្អុយពេលខ្លះយើងជិះម៉ូតូតាមដងផ្លូវទៅមានក្លិនលាមក ស្អុយ។ វៀតណាម វាមានបង្គន់ដាក់តាមទឹកទន្លេ។ សូមឲ្យចេញមករស់នៅលើគោកទាំងអស់គ្នាមក។»
អាជ្ញាធរក្រុងស្ទឹងត្រែង បានជូនដំណឹងឲ្យអ្នករស់នៅមាត់ទន្លេត្រូវជម្លៀសចេញពីលំនៅឋានឲ្យបានមុនថ្ងៃទី២០ ខែមីនា ខាងមុខ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបរិស្ថាន បំណងត្រៀមរៀបចំពិធីបុណ្យទន្លេដែលប្រារព្ធនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧។
ចៅសង្កាត់ព្រះបាទ លោក សិត គឹមតេង
ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី៦
ខែមីនា ឆ្នាំ២០១៧។ RFA/Men Sothyr
RFA/Men Sothyr
តួលេខរបស់អាជ្ញាធរក្រុងស្ទឹងត្រែង កាលពីឆ្នាំ២០១៦ បង្ហាញថា ពលរដ្ឋរស់នៅតាមច្រាំងទន្លេក្នុងក្រុងស្ទឹងត្រែង ចំនួនជាង ៣០០គ្រួសារ ក្នុងនោះមានពលរដ្ឋខ្មែរជាង ៣០ភាគរយ។ អាជ្ញាធរគ្រោងជម្លៀសជនជាតិវៀតណាម ទាំងនោះទៅទីតាំងថ្មីនៅគីឡូម៉ែត្រលេខ១៤ ផ្លូវជាតិលេខ៧ ឋិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ផ្លូវទៅប្រទេសឡាវ។
ជនជាតិវៀតណាម ម្នាក់ក្នុងចំណោមជនជាតិវៀតណាម ច្រើនទៀត គឺលោក ឡេ យ៉ាំងឡឹង ដែលកំពុងអង្គុយក្រោមផ្ទះមាត់ទន្លេក្នុងក្រុងស្ទឹងត្រែង បានបង្ហាញឯកសារនានាពាក់ព័ន្ធនឹងលោកមកស្នាក់នៅស្រុកខ្មែរជាង ២០ឆ្នាំមកហើយ បានប្រាប់អាស៊ីសេរីនៅថ្ងៃទី៦ មីនា ថា លោកបានទទួលសេចក្តីជូនដំណឹងរបស់អាជ្ញាធរ បង្គាប់ឲ្យរុះរើចេញពីទីនេះ ក៏ប៉ុន្តែពលរដ្ឋរស់នៅទីនេះបានសំណូមពរឲ្យអាជ្ញាធរផ្តល់ដីសម្បទានសង្គមកិច្ចនៅតំបន់ណាមានទឹកភ្លើងប្រើប្រាស់ និងផ្តល់ប្រាក់ថ្លៃរុះរើ។ លោកបន្តថា លោកមករស់នៅទីនេះក៏មានការទទួលស្គាល់ពីនគរបាលខែត្រស្ទឹងត្រែង បានចេញបង្កាន់ដៃទទួលស្គាល់លោកជាជនអន្តោប្រវេសន៍ ហើយឯកសារទាំងនេះ លោកត្រូវបង់ប្រាក់ ២៥ម៉ឺនរៀល។
ជនជាតិ វៀតណាម លោក ឡេ យ៉ាំងឡឹង
ដែលកំពុងរស់នៅ មាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។
RFA/Men Sothyr
RFA/Men Sothyr
មន្ត្រីសង្គមស៊ីវិលរកឃើញថា ពលរដ្ឋរស់នៅតាមមាត់ទន្លេ និងផ្ទៃទឹកក្នុងស្ទឹងត្រែង ផ្ដើមកើតមានជាបន្តបន្ទាប់អំឡុងឆ្នាំ១៩៩០ ហើយរហូតដល់ឆ្នាំ២០១៧ អាជ្ញាធរខែត្រស្ទឹងត្រែង ហាក់ដូចជាគ្មានវិធានការគ្រប់គ្រាន់ចាត់ចែងបញ្ហានេះ ជាពិសេសគោលនយោបាយគ្រប់គ្រងធនធានធម្មជាតិនៅខ្វះចន្លោះច្រើន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល យល់ថា ការបណ្តោយឲ្យមនុស្សរស់នៅលើដីចំណីមាត់ទន្លេបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈធំសម្បើម ដែលជាមូលហេតុនាំឲ្យមានការអនុវត្តផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលថាទីក្រុងស្អាត និងបរិស្ថានស្អាត។ លោកថា ដើម្បីធានាសុវត្ថិភាពបរិស្ថាន សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់ អាជ្ញាធរត្រូវពន្លឿនការដោះស្រាយបញ្ហានេះ ដោយមិនត្រូវអូសបន្លាយពេលនោះទេ។ លោកចាត់ទុកការបោះចោលកាកសំណល់រឹងរាវចូលទន្លេ បន្ទោបង់ចូលទន្លេ គឺជាប្រភពនៃប៉ារ៉ាស៊ីត និងមេរោគឆ្លងផ្សេងៗដល់ពលរដ្ឋដែលអាស្រ័យផលទឹកទន្លេប្រចាំថ្ងៃ៖ «ព្រោះអីរាល់ថ្ងៃគាត់បានបន្ទោបង់ចូលក្នុងទឹកទន្លេ ហើយដាំបាយដាំទឹកក្នុងហ្នឹងហើយ ចឹងធ្វើឲ្យពលរដ្ឋនៅខ្សែទឹកខាងក្រោមប៉ះពាល់សុខភាព។»
របាយការណ៍របស់អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO FORUM) រកឃើញថា ប្រជាជនកម្ពុជា ជាង ៩លាននាក់ដែលរស់នៅតាមដងទន្លេ អាស្រ័យផលទឹកទន្លេសម្រាប់ជីវភាពប្រចាំថ្ងៃ។
មន្ត្រីសម្របសម្រួលអង្គការការពារទន្លេបី លោក លាង ប៊ុនលាភ យល់ថា ការបណ្តោយឲ្យមនុស្សរស់នៅបែបអនាធិបតេយ្យតាមមាត់ទន្លេ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុវត្ថិភាពបរិស្ថាន និងសុខភាពសាធារណៈ ហើយក៏ជាទម្រង់ទន់ខ្សោយនៃការចាត់ចែងគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាលដែរ។ លោកថា ការយកសម្បត្តិធម្មជាតិបម្រើប្រយោជន៍ឯកជន ឬមនុស្សមួយក្រុមដែលមិនបានគិតគូរបរិស្ថាន និងសង្គម វានឹងបង្កប៉ះពាល់មនុស្សរាប់លាននាក់ដែលកំពុងអាស្រ័យផលទឹកទន្លេ។ លើសពីនេះ ជនបរទេសដែលមករស់នៅប្រទេសកម្ពុជា ត្រូវគោរពច្បាប់របស់កម្ពុជា ហើយបើជនបរទេសណាដែលមករស់នៅកម្ពុជា ខុសច្បាប់ អាជ្ញាធរត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយបញ្ជូនជនជាតិបរទេសទៅស្រុកកំណើតវិញ៖ «ជាសំណូមពរ សុំឲ្យរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ លោកបានដោះស្រាយធ្វើយ៉ាងណាជៀសឲ្យផុតពីការតាំងទីលំនៅតាមមាត់ទន្លេ ដែលធ្វើឲ្យបរិស្ថាន និងសុខភាពពលរដ្ឋ។»
លោក ប៊ុនលាភ បន្ថែមថា ការផ្ដល់ដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាលជូនពលរដ្ឋ ពុំមែនជាឧបសគ្គនោះទេ បើធៀបដីឯកជនរបស់រដ្ឋដែលមានស្រាប់ ឬក៏ដីសាធារណៈរបស់រដ្ឋ ជាពិសេសរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជនអស់រាប់សិបម៉ឺនហិកតារនោះ៕


Why evict the poor people, give them land instead? I'll tell Trump's supporters about this and ask them to deport more Cambodians back to Cambodia for any small crimes.
ReplyDelete