រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ |
មន្ត្រី រដ្ឋាភិបាល ប្រតិកម្ម នឹងរបាយការណ៍ ស្ដីពី ការរំលោភ សិទ្ធិមនុស្ស នៅកម្ពុជា របស់ ស.រ.អ.
RFA / វិទ្យុ អាស៊ី សេរី | ៤ មីនា ២០១៧
មន្ត្រី នាំពាក្យ រដ្ឋាភិបាល ចាត់ទុក ថា, ក្រសួង ការបរទេស សហរដ្ឋ អាមេរិក ដែលចេញ របាយការណ៍ ប្រចាំឆ្នាំ ស្ដីពី ការរឹតត្បិត សិទ្ធិសេរីភាព កាន់តែ ខ្លាំង នៅកម្ពុជា នោះ គឺ សហរដ្ឋ អាមេរិក កំពុង ព្យាយាម ជ្រៀតជ្រែក កិច្ចការ ផ្ទៃក្នុង របស់ កម្ពុជា ប៉ុណ្ណោះ និងមិន ឆ្លុះបញ្ចាំង អំពី ការខិតខំ ប្រឹងប្រែង ពង្រឹង នីតិរដ្ឋ របស់ កម្ពុជា។ ប៉ុន្តែ សង្គមស៊ីវិល យល់ថា, ប្រសិន រដ្ឋាភិបាល ទទួលស្គាល់ ការរកឃើញ របស់ អន្តរជាតិ ថា ការរឹតត្បិត សេរីភាព មែន និងធ្វើការ កែលម្អ ឡើងវិញ វា ជាផលប្រយោជន៍ របស់ កម្ពុជា នៅលើឆាក អន្តរជាតិ។
ថ្វីត្បិត ដឹងថា រដ្ឋាភិបាល កម្ពុជា កំពុង មិន ពេញចិត្ត និងតែងតែ វាយប្រហារ បកវិញ ចំៗ ថា, សហរដ្ឋ អាមេរិក ជាមេរោគ នាំ ឱ្យមាន សង្គ្រាម និងការរំលោភ សិទ្ធិមនុស្ស ធ្ងន់ធ្ងរ ជាងគេ នៅលើលោកក្ដី, ក្រសួង ការបរទេស សហរដ្ឋ អាមេរិក នៅតែ ចេញរបាយការណ៍ ប្រចាំឆ្នាំ ២០១៦ របស់ខ្លួន ដែលបង្ហាញ អំពី ការរឹតត្បិត សិទ្ធិសេរីភាព កាន់តែ ធ្ងន់ធ្ងរ នៅកម្ពុជា។ របាយការណ៍ថ្មីនេះ មិនត្រឹមតែមិនទទួលបានការស្វាគមន៍ឡើយ តែថែមទាំងត្រូវបានវាយបកជាថ្មីវិញថា សហរដ្ឋអាមេរិកកំពុងទាញផលប្រយោជន៍ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ប៉ុណ្ណោះ។
មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី៤ ខែមីនា ថា សហរដ្ឋអាមេរិកកំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលមានឯករាជ្យ និងអធិបតេយ្យភាព ដែលមហាអំណាចមួយនេះធ្លាប់ធ្វើអន្តរាគមន៍ម្ដងរួចហើយ ក្នុងឆ្នាំ១៩៧០ បានរុញច្រានឱ្យកម្ពុជា រលាយគ្មានសល់ ហើយចាប់តាំងពីឆ្នាំ១៩៧៩ ទើបកម្ពុជា ចាប់ផ្ដើមបង្កើតប្រព័ន្ធដឹកនាំដ៏ត្រឹមត្រូវដើម្បីពង្រឹងនីតិរដ្ឋឡើងវិញ។
ប្រតិកម្មជាថ្មីពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ចំពោះសហរដ្ឋអាមេរិកនេះ បន្ទាប់ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមីនា បានចេញរបាយការណ៍មួយស្ដីពីការអនុវត្តសិទ្ធិមនុស្សប្រចាំឆ្នាំ២០១៦ នៅកម្ពុជា។ របាយការណ៍នេះរកឃើញថា បញ្ហាចម្បងដែលកម្ពុជា កំពុងជួបប្រទះរួមមាន ប្រព័ន្ធតុលាការពុំមានប្រសិទ្ធភាព និងស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយ ការកើនឡើងនៃការរឹតបន្តឹងសេរីភាពនៃការនិយាយស្ដី ការបញ្ចេញមតិ ការប្រមូលផ្ដុំ និងការបង្កើតសមាគមមានការប្រើអំពើហិង្សា និងការចាប់ដាក់ពន្ធនាគារទាំងករណីជាក់ស្ដែង និងករណីគំរាមកំហែងក្នុងគោលបំណងដើម្បីបំភិតបំភ័យគណបក្សដែលមាននិន្នាការនយោបាយប្រឆាំងរដ្ឋាភិបាល និងសង្គមស៊ីវិល ក៏ដូចជាដើម្បីបង្ក្រាបសំឡេងដែលតវ៉ាប្រឆាំងរដ្ឋាភិបាលផងដែរ។ ក្រៅពីនេះ បញ្ហានិទណ្ឌភាព និងការរំលោភបំពាននៅតែបន្តកើតឡើងនៅកម្ពុជា។
ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ជឿជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ពិតជាបានរកឃើញការពិតមុននឹងហ៊ានចេញរបាយការណ៍បែបនេះ។ លោក អំ សំអាត ក៏មិនជឿដែរថា ការលើកឡើងអំពីបញ្ហារឹតត្បិតសិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិ ព្រមទាំងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដោយសហរដ្ឋអាមេរិក នៅពេលនេះ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នោះដែរ ព្រោះកម្ពុជា បានទទួលស្គាល់ និងព្រមអនុវត្តតាមនូវអ្វីដែលមានចែងក្នុងបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។
លោក អំ សំអាត ក៏សង្កេតឃើញថា បន្ទាប់ពីភាពចម្រូងចម្រាសនៅក្រោយការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ ការបង្ក្រាបបាតុកម្មកម្មករនៅលើផ្លូវវ៉េងស្រេង និងនៅទីលានប្រជាធិបតេយ្យជាដើម ហើយជាពិសេសករណីឃាតកម្មដ៏រំជើបរំជួលលើលោកបណ្ឌិត កែម ឡី ជាអ្នកតែងតែរិះគន់រដ្ឋាភិបាលតាមរយៈបញ្ចេញមតិកាលពីឆ្នាំ២០១៦ នោះ សិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំ សិទ្ធិជួបជុំ និងសិទ្ធិបញ្ចេញមតិ ត្រូវគេសសម្លឹងឃើញថា មានរឹតត្បិតកាន់ខ្លាំងនៅកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តវាយប្រហារខ្លាំងៗថា សហរដ្ឋអាមេរិកជាប្រទេសពូកែដើរឈ្លានពានប្រទេសជាច្រើន ក្នុងនោះក៏មានកម្ពុជា ដែលបានធ្វើឱ្យមនុស្សជាច្រើន ជាពិសេសកុមារបានស្លាប់ ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងគួរតែមានសំឡេងរួមមួយដើម្បីថ្កោលទោសចំពោះសហរដ្ឋអាមេរិក។
សម្រាប់សង្គមស៊ីវិលវិញមើលឃើញថា ការរំលឹកអំពីរឿងប្រវត្តិសាស្ត្រមកប្រៀបធៀបជាមួយការរំលោភសិទ្ធិមនុស្សបច្ចុប្បន្ននៅកម្ពុជា គឺមិនសមហេតុផលឡើយ ព្រោះរឿងពីរនេះ កើតឡើងក្នុងកាលៈទេសៈ និងរបបផ្សេងគ្នា។
លោក អំ សំអាត លើកឡើងទៀតថា ការគាស់កកាយរឿងចាស់មក រិះគន់បកទៅសហរដ្ឋអាមេរិក វិញ មិនមែនជាផលចំណេញសម្រាប់ប្រទេសកម្ពុជា នោះទេ។ ផ្ទុយទៅវិញ ប្រសិនកម្ពុជា ព្រមទទួលស្គាល់ចំណុចខ្វះខាតក្នុងការគោរពសិទ្ធិមនុស្ស និងសិទ្ធិបញ្ចេញមតិដែលត្រូវបានអន្តរជាតិរិះគន់កន្លងមក យកទៅអនុវត្តដើម្បីកែប្រែឱ្យប្រសើរឡើងវិញ នៅពេលនោះ កម្ពុជានឹងទទួលបានការលើកមុខមាត់បន្ថែមលើឆាកអន្តរជាតិ ថាមានការជំរុញឱ្យរបបលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សដំណើរការកាន់តែប្រសើរ៕
No comments:
Post a Comment