លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបានតែងតាំងថ្មី ថ្លែងក្នុងសមាជវិសាមញ្ញគណបក្ស នាទីស្នាក់ការគណបក្សសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ RFA/Sorn Chanratha |
គណបក្ស ប្រឆាំង រិះគន់ ប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងស្រុក ថា មិនសូវ គិតគូរ ពីក្រមសីលធម៌ វិជ្ជាជីវៈ
RFA / វិទ្យុ អាស៊ី សេរី | ៤ មីនា ២០១៧
គណបក្ស សង្គ្រោះជាតិ រិះគន់ ប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងស្រុក ដោយមិន សំដៅ ចំឈ្មោះ ថា អត្ថបទ ដែលបាន ចុះផ្សាយ ពីសារសម្ងាត់ អំពី គណបក្ស ប្រឆាំង គឺ ភាគច្រើន ជាការ មួលបង្កាច់ និងបង្ខូច កេរ្តិ៍ឈ្មោះ។ ជំហរ របស់ គណបក្ស ប្រឆាំង នៅពេលនេះ ធ្វើឡើង ក្រោយ ពីឯកសារ បែកធ្លាយ ដែលគេ ចាត់ទុក ថា អាច ជាសារ របស់លោក កឹម សុខា, ហើយ ត្រូវ បានកាសែត ក្នុងស្រុក ចុះផ្សាយ អំពី គម្រោង ដណ្ដើម កៅអី ជាប្រធានបក្ស ពីលោក សម រង្ស៊ី តាមគំនិត ផ្តួចផ្តើម របស់លោក ហ៊ុន សែន។ អ្នកវិភាគ បញ្ហាសង្គម និងនយោបាយ យល់ឃើញ ថា, ការពិត កាសែត ដែលអាជីព ត្រូវ ប្រកាន់ គោលការណ៍ ក្រមសីលធម៌ និងវិជ្ជាជីវៈ ឲ្យបានខ្ពស់, ហើយ ការចុះផ្សាយ អត្ថបទ ដែលពុំ ផ្អែកលើ ភាពពិត វា នឹងនាំ ឲ្យស្ថាប័ន ឬអង្គភាពនោះ ត្រូវ ចុះខ្សោយ និងបាត់បង់ តម្លៃ របស់ខ្លួន ទៅវិញ ទេ។
នេះ អាចចាត់ទុក ថា ជាប្រតិកម្ម លើកទី១ ហើយ របស់ គណបក្ស សង្គ្រោះជាតិ នៅពេល ដែលមាន ឯកសារ នៃរឿង អាស្រូវ បែកធ្លាយ ជាហូរហែ ក្នុងដំណាក់កាល ចុងក្រោយនេះ, ហើយ ត្រូវ បានកាសែត ក្នុងស្រុក ចុះផ្សាយ ព្រោងព្រាត អំពី ភាពចម្រូងចម្រាស និងភាព ប្រេះឆា ផ្ទៃក្នុង របស់ បក្សប្រឆាំង នៅពេលនេះ។
សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែមីនា របស់គណបក្សសង្គ្រោះជាតិ បានសរសេរថា មានប្រព័ន្ធព័ត៌មានក្នុងស្រុកមួយចំនួនតែងផ្សព្វផ្សាយដំណឹងក្លែងក្លាយ ឯកសារប្រឌិត និងមួលបង្កាច់គណបក្សប្រឆាំង ក្នុងបំណងបន្តុះបង្អាប់ ឆ្កឹះឆ្កៀល និងបំបែកបំបាក់។
ប្រតិកម្ម របស់ គណបក្ស ប្រឆាំង នៅពេលនេះ ក្រោយ ពីមាន ឯកសារ បែកធ្លាយ មួយច្បាប់ ចុងក្រោយ រវាង ថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិ។ ឯកសារ ដែលត្រូវ បានកាសែត ក្នុងស្រុក ចុះផ្សាយ តាមរយៈ ហ្វេសប៊ុក (Facebook) ឈ្មោះ សីហា, ហើយ ត្រូវ គេ ចាត់ទុក ថា ជាការសន្ទនា សម្ងាត់ នេះ បានបរិយាយ ពីអំពើ ក្បត់ឆន្ទៈ ថ្នាក់ដឹកនាំ កំពូល និងភាព រង្គោះរង្គើ ផ្ទៃក្នុង បក្សប្រឆាំង។
ឯកសារ ដែលត្រូវ បានអង្គភាព ហ្វ្រេសញូវ (Fresh News) ដែលជាស្ថាប័ន ព័ត៌មាន ស្និត នឹងរដ្ឋាភិបាល យកចេញ ពីហ្វេសប៊ុក ឈ្មោះ សីហា បានទម្លាយ ពីការសន្ទនា រវាង តំណាងរាស្ត្រ លោក ម៉ៅ មុនីវណ្ណ ជាមួយ ខុទ្ទកាល័យ នាយក រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី ភ្ជាប់ទំនាក់ទំនង ទៅលោក កឹម សុខា។ សារសន្ទនា ដែលត្រូវ គេ យកចេញ ពីប្រព័ន្ធ ទំនាក់ទំនង សង្គម វាត់ស្អាប់ (WhatsApp) គឺ បានលើកឡើង ពីគម្រោង ច្បាម ឬដណ្ដើម មុខតំណែង ជាប្រធាន គណបក្ស សង្គ្រោះជាតិ ពីលោក សម រង្ស៊ី ដើម្បី ដាក់ឲ្យលោក កឹម សុខា វិញ។
សារសន្ទនាដែលកាសែតចុះផ្សាយថា វាជាឯកសារសន្ទនាដ៏សម្ងាត់ និងការពិតនេះ បានបង្ហាញពីការពេញចិត្តពេញថ្លើមរបស់លោក កឹម សុខា និងលោក ម៉ៅ មុនីវណ្ណ ក្នុងការអនុវត្តតាមគម្រោងគ្របគ្រងបក្សពីលោក ហ៊ុន សែន។
ទាក់ទិនរឿងនេះ មន្ត្រីនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បដិសេធក្នុងការអធិប្បាយដោយបញ្ជាក់យ៉ាងខ្លីថា ប្រតិកម្មចំពោះការចោទប្រកាន់នេះមាននៅក្នុងសេចក្ដីប្រកាសព័ត៌មានបក្សរួចទៅហើយ។ ស្របពេលឯកសារនេះបានផ្ទុះឡើង គណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ភ្លាមដែរ ដោយអំពាវនាវដល់សមាជិកនៅក្នុងបក្សប្រុងប្រយ័ត្នចៀសវាងការភ័ន្តច្រឡំ និងចាញ់បោកការផ្សព្វផ្សាយព័ត៌មានប្រឌិត និងក្លែងក្លាយទាំងនេះ។
ដោយឡែកមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន វិញ ស្នើសុំមិនបកស្រាយអ្វីឡើយចំពោះឯកសារសម្ងាត់នេះ ដោយលោកថ្លែងថា ពុំបានដឹងការពិតទេ។ អ្នកនាំពាក្យ បក្សកាន់អំណាចរូបនេះ បានបង្វែរសំណួរនេះ ទៅខុទ្ទកាល័យ របស់លោក ហ៊ុន សែន វិញ៖ «រឿងហ្នឹង ទាល់តែ សួរឯកឧត្ដម ខុទ្ទកាល័យ បានដឹង។ ខ្ញុំ អត់ បានដឹង រឿងហ្នឹងទេ។ ខ្ញុំ ឃើញតែ ក្នុងហ្វេសប៊ុក ដែរ។ ដល់បើកមក, វា អត់ចេញ ជាខ្លឹមសារ។»
អាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានភ្លាមៗទេ ជុំវិញឯកសារបែកធ្លាយនេះ នៅថ្ងៃទី៤ ខែមីនា។
បើ ទោះជាបែបណា លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា គេពិតជាពិបាកសន្និដ្ឋានណាស់ថា តើវាជាការសន្ទនាពិតប្រាកដ ឬបែបណានោះឡើយ។ លោកបន្តថា ការចុះផ្សាយក្នុងពេលកន្លងទៅរបស់ស្ថាប័នព័ត៌មាន ដែលស្និទ្ធនឹងរដ្ឋាភិបាលនេះ តែងផ្អែកលើនិន្នាការទៅរករដ្ឋាភិបាល និងផលប្រយោជន៍នយោបាយច្រើនជាង៖ «វា គ្រាន់តែ ស្ដាប់ៗទៅ ប៉ុន្តែដូចការផ្សព្វផ្សាយមុនៗ មកពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ហ្នឹងខុសនឹងការពិត ហើយមានកន្លែងក្លែងក្លាយទៀតផង។»
នេះពុំមែនជារឿងថ្មីឡើយ ការបែកធ្លាយសារឯកជនដែលត្រូវបានបណ្ដាញទំនាក់ទំនងសង្គម ដែលគេជឿថា ស្និទ្ធនឹងរដ្ឋាភិបាលបញ្ចេញ រួចបន្ទាប់មកទៀតកាសែតក្នុងស្រុកចុះផ្សាយយ៉ាងព្រោងព្រាត។ សំឡេងសន្ទនា និងសារឆ្លើយឆ្លងជាឯកជន ជាពិសេសពីខាងបក្សប្រឆាំង ត្រូវបានគេបញ្ចេញជាហូរហែ។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ មើលឃើញថា សេនារីយោនេះអាចជាវិធីធ្វើឲ្យបក្សប្រឆាំងត្រូវចុះខ្សោយ ឬបាត់បង់ប្រជាប្រិយភាពមែន។ ក៏ប៉ុន្តែមធ្យោបាយនេះ មិនត្រឹមតែជំរុញឲ្យបក្សប្រឆាំងក្លាយជាអ្នករងគ្រោះ ហើយគួរឲ្យអាណិតប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យបក្សប្រឆាំងខ្លាំងជាងមុនថែមទៀតទៅវិញ៕
For a small party such as CNRP, having 3 deputies is ridiculous. Why I am not surprised. For a small country such as Cambodia, having 500 generals is beyond ridiculous.
ReplyDeleteWhat a sad country.
4:49 AM
DeleteJust ask yourself who and why installed and supports Traitor & Warlord Hun Sen ?
Stop blaming Mr. Hun Sen. You people are the problem and Mr. Hun Sen is the solution.
Delete