Paris Peace Accords 23 Oct. 1991

Wednesday, June 28, 2017

[Vietnamization: History] ប្រវត្តិ​សង្ខេប ​គណបក្ស​ ប្រជាជន​ កម្ពុជា | Summary of history of CPP

ពិធី​ខួប​ថ្ងៃ​៧ មករា លើក​ទី​៣៧ នៃ​ថ្ងៃ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​របប​ខ្មែរ​ក្រហម ប្រារព្ធ​នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev
ពិធី​ខួប​ថ្ងៃ​៧ មករា លើក​ទី​៣៧ នៃ​ថ្ងៃ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​របប​ខ្មែរ​ក្រហម ប្រារព្ធ​នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev

ប្រវត្តិ​សង្ខេប ​គណបក្ស​ ប្រជាជន​ កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ២៧ មិថុនា​ ២០១៧


ពីថ្ងៃ​ ទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១ ដល់​ថ្ងៃ​ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧ គឺ​ ​​ជា​ខួប​ លើក​ទី​ ៦៦​ឆ្នាំ ថ្ងៃ​បង្កើត​ គណបក្ស​ ប្រជាជន​ កម្ពុជា។  តើ​ គណបក្ស ​ប្រជាជន​ កម្ពុជា ដែល​កាន់​ អំណាច​ តាំង​ពី​ថ្ងៃ ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ មក​នោះ មាន​ប្រវត្តិ​ បែប​ណា?

រៀង​រាល់​ឆ្នាំ​ ឲ្យ​តែ​ ដល់​ថ្ងៃ​ ទី​២៨ មិថុនា, គណបក្ស​ ប្រជាជន​ កម្ពុជា តែង​ធ្វើ​ ពិធី​មិទ្ទិញ​ ជួបជុំ​ ថ្នាក់​ដឹកនាំ និង​សមាជិ ក​បក្ស​ របស់​ខ្លួន ដើម្បី​ រម្លឹក​ខួប ​អនុស្សាវរីយ៍​ នៃ​ការ​បង្កើត​ គណបក្ស។

គណបក្ស​ ប្រជាជន ​កម្ពុជា ដែល​មាន​ ឈ្មោះ​ដើម​ ថា បក្ស​ប្រជាជន​ បដិវត្តន៍​ខ្មែរ ត្រូវ​ បាន​បង្កើត​ឡើង​ ដោយ​លោក សឺន ង៉ុកមិញ ហៅ​ អាចារ្យ មៀន នៅ​ឆ្នាំ​ ១៩៥១។  លោក សឺន ង៉ុកមិញ ដែល​មាន​ឈ្មោះ​ ជា​ភាសា​ វៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង​ដែល​មាន​ ឪពុក​ ជា​ខ្មែរ​ក្រោម និង​ម្តាយ​ ជា​ជនជាតិ​ វៀតណាម នៅ​ខេត្ត​ ព្រះត្រពាំង កម្ពុជា​ក្រោម គឺ​ ជា​អតីត​ សមាជិក​ បក្ស​កុម្មុយនីស្ត​ ឥណ្ឌូចិន ដែល​ត្រូវ​ បាន​បង្កើត​ឡើង​ ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំង​ពី​ឆ្នាំ​ ១៩៣០។

បក្ស​ប្រជាជន ​បដិវត្តន៍​ខ្មែរ ដែល​បង្កើត​ឡើង​ ដោយ​មាន ​ការ​ជួយ​ ជ្រោមជ្រែង ​ពី​យួន​កុម្មុយនីស្ត​ វៀតមិញ គឺ​ មាន​គោល​បំណង​ បណ្ដេញ​ អាណានិគម​និយម​ បារាំង ចេញ ​ឲ្យ​អស់ ​ពី​ភូមិភាគ​ ឥណ្ឌូចិន ទាំងមូល។  ចលនា​នេះ បាន​ធ្វើ​ការ​ តស៊ូ​ ជា​របៀប​ ទ័ព​ព្រៃ​ ប្រឆាំង​ បារាំង រហូត​ ដល់​ឆ្នាំ​ ១៩៥៤។

បន្ទាប់ ​ពី​ការ​ ចុះ​ហត្ថលេខា​ លើ​កិច្ចព្រមព្រៀង ​ក្រុង​ហ្សឺណែវ (Geneva) នៅ​ខែ​កក្កដា ឆ្នាំ​១៩៥៤ ដែល​ជា​សន្ធិសញ្ញា​ បញ្ចប់​ ជា​ផ្លូវការ​ នូវ​អាណានិគម​ របស់​ បារាំង ក្នុង​ភូមិភាគ ​ឥណ្ឌូចិន សមាជិក ​បក្ស​ប្រជាជន​ បដិវត្តន៍​ខ្មែរ ក៏​បាន​ បែក​ចេញ​ ជា ៣​ក្រុម។


ក្រុម​ទី​១ ដឹកនាំ​ដោយ​លោក សឺន ង៉ុកមិញ ហើយ​ដែល​មាន​យុទ្ធជន​ប្រមាណ ២.៥០០​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​លោក ប៉ែន សុវណ្ណ ផង​ដែរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ទីក្រុង​ហាណូយ (Hanoi) ប្រទេស​វៀតណាម ដើម្បី​ធ្វើ​ការ​បណ្តុះបណ្តាល​ផ្នែក​នយោបាយ។ ក្រុម​ទី​២ ដឹកនាំ​ដោយ​លោក ទូ សាមុត លោក នួន ជា និង​លោក សោ ភឹម ជាដើម នៅ​ធ្វើ​ចលនា​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ត​ទៀត ដោយ​ដេក​ក្រោម​ស្លាក​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដដែល។ ចំណែក​មួយ​ក្រុម​ទៀត​ដែល​ជា​ក្រុម​ទី​៣ បាន​ប្រមូល​ផ្តុំ​គ្នា​បង្កើត​ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់​មួយ​ឈ្មោះ​ថា គណបក្ស​ប្រជាជន ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៥៥។

ទោះ​ជា​យ៉ាង​ណា គណបក្ស​ប្រជាជន មិន​អាច​ប្រជែង​ជាមួយ​ចលនា​សង្គម​រាស្ត្រ​និយម​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ដែល​ជា​ចលនា​ធំ និង​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ពលរដ្ឋ​នោះ​ទេ។ ទោះ​ជា​បែប​នេះ​ក្តី សម្ដេច​ព្រះ​នរោត្តម សីហនុ ក៏​មិន​បាន​មើល​ស្រាល​ចំពោះ​ចលនា​របស់​ពួក​កុម្មុយនីស្ត​នេះ​ដែរ ហើយ​ព្រះអង្គ​នៅ​តែ​ចាត់​ទុក​ក្រុម​នេះ​ថា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ព្រះអង្គ​ដដែល។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៥៥ កង​នគរបាល​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ មិន​បាន​ធ្វើ​ឲ្យ​ចលនា​ខ្មែរ​កុម្មុយនីស្ត​នៅ​កម្ពុជា បាន​នៅ​សុខ​ស្រួល​នោះ​ទេ។ ទោះ​ជា​បែប​នេះ​ក្តី ចលនា​ខ្មែរ​កុម្មុយនីស្ត​នៅ​តែ​អាច​លបលាក់​ធ្វើ​សកម្មភាព​បាន​ដដែល។

ជាក់ស្តែង​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦០ ក្រោម​ការ​ដឹកនាំ​របស់ ទូ សាមុត បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​សន្និបាត​បក្ស​លើក​ទី​២ នៅ​ក្នុង​ទូ​រទេះភ្លើង​មួយ​នា​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​ភ្នំពេញ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​បក្ស​ពលករ​កម្ពុជា ដែល​មាន​លោក ទូ សាមុត ជា​លេខា​បក្ស។

ប៉ុន្តែ​ក្រោយ​មក លោក ទូ សាមុត ឬ​អាចារ្យ​សុខ ដែល​មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម​នោះ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដោយ​អាថ៌កំបាំង​នៅ​ឆ្នាំ​១៩៦២ នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ នា​រាជធានី​ភ្នំពេញ។ មរណភាព​របស់​លោក ទូ សាមុត ត្រូវ​បាន​គេ​សង្ស័យ​ថា ប៉ុល ពត ជា​អ្នក​ប្រព្រឹត្តិ ដើម្បី​ដណ្ដើម​តួនាទី​ជា​លេខា​បក្ស​របស់​លោក។ ទោះ​ជា​បែប​នេះ​ក្តី ប៉ុល ពត បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា​លោក ទូ សាមុត ត្រូវ​បាន​កម្លាំង​នគរបាល​របស់​លោក លន់ នល់ ដែល​ជា​កូន​ចៅ​របស់​សម្ដេច សីហនុ ចាប់​ខ្លួន​បាន ហើយ​សម្លាប់​ចោល។

ក្រោយ​ពី​លោក ទូ សាមុត ត្រូវ​បាន​គេ​សម្លាប់ បក្ស​ពលករ​កម្ពុជា បាន​ធ្វើ​មហា​សន្និបាត​បក្ស​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៦៣ ដែល​ពេល​នោះ​លោក សាឡុត ស ឬ ប៉ុល ពត ត្រូវ​បាន​មហា​សន្និបាត​តែងតាំង​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស។

បក្ស​ពលករ​កម្ពុជា ដែល​ពេល​ខ្លះ​រត់​ទៅ​ពឹង​វៀតណាម ពេល​ខ្លះ​រត់​ទៅ​ពឹង​ចិន បាន​បន្ត​ធ្វើ​ការ​តស៊ូ​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ជា​ហូរហែ ហើយ​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦៦ បន្ទាប់​ពី​ត្រឡប់​មក​ពី​ទីក្រុង​ហាណូយ ប៉ុល ពត ក៏​បាន​បើក​កិច្ច​ប្រជុំ​មួយ គឺ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ហើយ​ដែល​មេ​ដឹកនាំ​ខ្មែរ​កុម្មុយនីស្ត បាន​ប្ដូរ​ឈ្មោះ​បក្ស​របស់​ខ្លួន​ពី​បក្ស​ពលករ​កម្ពុជា ទៅ​ជា​បក្ស​កុម្មុយនីស្ត​កម្ពុជា។ គឺ​ពួក​កុម្មុយនីស្ត​នេះ​ហើយ​ដែល​ក្រោយ​មក ត្រូវ​បាន​សម្ដេច​ព្រះ​នរោត្តម សីហនុ ឲ្យ​ឈ្មោះ​ថា ខ្មែរ​ក្រហម។

លុះ​សម្ដេច​ព្រះ​នរោត្តម សីហនុ ត្រូវ​បាន​លោក​សេនា​ប្រមុខ លន់ នល់ និង​បក្សពួក​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច​នៅ​ខែ​មីនា ឆ្នាំ​១៩៧០ កម្លាំង​របស់​ខ្មែរ​ក្រហម បាន​កើន​ឡើង​ជា​លំដាប់​បន្ទាប់​ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ទ្រង់​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា និង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងើប​ឡើង​តស៊ូ​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក​សេនា​ប្រមុខ លន់ នល់។

យ៉ាង​នេះ​ក្តី ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​លើ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរ​ក្រហម​មិន​បាន​ប្រគល់​អំណាច​ថ្វាយ​សម្ដេច​ព្រះ​នរោត្តម សីហនុ នោះ​ទេ ក្រៅ​តែ​ពី​បាន​តែងតាំង​ព្រះអង្គ​ឲ្យ​ធ្វើ​ជា​ព្រះ​ប្រមុខ​រដ្ឋ​ដែល​គ្មាន​អំណាច​អ្វី​បន្តិច​សោះ។ តួនាទី​ដែល​ក្រោយ​មក​ក៏​ត្រូវ​បាន​សម្ដេច សីហនុ បោះបង់​ចោល។

ហេង សំរិន ហ៊ុន សែន ២០១៧ ៨៥៥
(ពី​ឆ្វេង​ជួរ​មុខ) ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​៧ មករា លើក​ទី​៣៨ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev
 

បក្ស​កុម្មុយនីស្ត​កម្ពុជា​របស់​ខ្មែរ​ក្រហម បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា តាំង​ពី​ពេល​នោះ​រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​វៀតណាម លើក​ទ័ព​ចូល​ឈ្លានពាន​កម្ពុជា រួច​លើក​បន្តុប​រដ្ឋាភិបាល​ថ្មី។ សមាសភាព​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នោះ​រួម​មាន​ទាំង​ក្រុម​ខ្មែរ​កុម្មុយនីស្ត ដែល​បាន​ទៅ​កាន់​ប្រទេស​វៀតណាម តាំង​ពី​ឆ្នាំ​១៩៥៤ និង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រត់​ទៅ​វៀតណាម នៅ​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៧៨ ដើម្បី​គេច​ពី​ការ​តាម​សម្លាប់​របស់​ខ្មែរ​ក្រហម និង​ពឹង​វៀតណាម ឲ្យ​មក​ផ្ដួល​រំលំ​ខ្មែរ​ក្រហម ក្នុង​នោះ​មាន​ដូចជា លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ជាដើម។ គឺ​អ្នក​ទាំងអស់​នេះ​ហើយ​ដែល​បាន​រួម​គ្នា​បង្កើត​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ការ​គាំទ្រ​របស់​វៀតណាម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពីរ​ថ្ងៃ​មុន​ពេល​កងទ័ព​វៀតណាម ចូល​កាន់កាប់​ក្រុង​ភ្នំពេញ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ឆ្លៀត​ធ្វើ​មហា​សន្និបាត​បក្ស​មួយ ដើម្បី​រៀបចំ​ស្ដារ និង​កសាង​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ឡើង​វិញ។

មហា​សន្និបាត​បក្ស​នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ពេល​នោះ​មាន​លោក ប៉ែន សុវណ្ណ លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន ជាដើម ចាត់​ទុក​ថា​ជា​មហា​សន្និបាត​លើក​ទី​៣ របស់​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​ទទួល​ស្គាល់​មហា​សន្និបាត​បក្ស​ធ្វើ​ឡើង​ដោយ​បក្ស​ពលករ​កម្ពុជា ឬ​បក្ស​កុម្មុយនីស្ត​កម្ពុជា របស់​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៦៣ ឆ្នាំ​១៩៦៦ ឬ​ឆ្នាំ​១៩៧៥ នោះ​ឡើយ បើ​ទោះ​ជា​ពួក​ខ្មែរ​ក្រហម​មាន​ប្រភព​ដើម​ចេញ​ពី​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ក៏ដោយ។

ឈ្មោះ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ត្រូវ​បាន​គេ​ប្រើប្រាស់​ឡើង​វិញ​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៧៩ នោះ​មក រហូត​ដល់​ឆ្នាំ​១៩៩១ នៅ​ពេល​ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ប្ដូរ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​ត្រូវ​គេ​ស្គាល់​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។

បើ​និយាយ​ពី​ការ​ដឹកនាំ​បក្ស​ចាប់​ពី​ឆ្នាំ​១៩៧៩ វិញ លោក ប៉ែន សុវណ្ណ ត្រូវ​បាន​គណបក្ស​ជ្រើស​តាំង​ជា​អគ្គលេខាធិការ​បក្ស​រហូត​ដល់​ពេល​លោក​ត្រូវ​បាន​វៀតណាម ចាប់​ខ្លួន​នៅ​ឆ្នាំ​១៩៨១។ លោក ហេង សំរិន ដឹកនាំ​បន្ត​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៩១។ លោក ជា ស៊ីម ពី​ឆ្នាំ​១៩៩១ រហូត​ទល់​ពេល​លោក​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥ និង​លោក ហ៊ុន សែន បាន​ទទួល​តំណែង​ជា​ប្រធាន​បក្ស​នេះ​នៅ​ថ្ងៃ​ទី​២០ មិថុនា រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។

បើ​ទោះ​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន ព្យាយាម​បង្ហាញ​ថា​ពួក​គេ​មិន​មាន​ជាប់​ទាក់ទង​ជាមួយ​ពួក​ខ្មែរ​ក្រហម​ក៏ដោយ ក៏ប៉ុន្តែ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ទាំង​លោក ហ៊ុន សែន លោក ហេង សំរិន និង​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​ផ្សេង​ទៀត​របស់​គណបក្ស​នេះ សុទ្ធតែ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា របស់ ប៉ុល ពត។

មួយ​វិញ​ទៀត បើ​ទោះ​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន តែង​ចោទ​ប្រកាន់​ពួក​ខ្មែរ​ក្រហម​ថា​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា ហើយ​តែង​អួត​ថា គឺ​មាន​តែ​ក្រុម​ខ្លួន​ដែល​ជា​អ្នក​រំដោះ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ក្រញាំ​កាប់​សម្លាប់​របស់​ពួក​ខ្មែរ​ក្រហម​ក្តី ប៉ុន្តែ​អ្វី​ដែល​គេ​មិន​អាច​ប្រកែក​បាន​នោះ គឺ​ទាំង​បក្ស​ពលករ​កម្ពុជា ទាំង​បក្ស​កុម្មុយនីស្ត​កម្ពុជា​របស់​ខ្មែរ​ក្រហម និង​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន សុទ្ធតែ​មាន​ប្រភព​ដើម​មក​ពី​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ តែ​មួយ​ដូច​គ្នា៕



No comments:

Post a Comment